សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW)

48

ខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ផ្នែកផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីបានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW) ដែលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះ ប្រពឹត្តិឡើងរយៈពេលបីថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៍មាន និងជាសមាជិកា ក.ជ.ក.ស លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក.ជ.ក.ស និងលោកនាយករងរដ្ឋបាលខេត្តកំពង់ធំ និងមានសមាសភាពចូលរួមអន្តរក្រសួងចំនួន១៤ និងមន្ទីរកិច្ចការនារីខេត្តកំពង់ធំ សរុបចំនួន៤៥ នាក់ (ស្ត្រី២៨នាក់) ក្រោមការឧបត្ថម្ភថវិការាជរដ្ឋាភិបាល តាមកម្មវិធី(BP) ។

សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងផ្តល់ និងបង្កើនចំណេះដឹងដល់អ្នកចូលដូចជា៖ – យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការរៀបចំឯកសារវិភាគលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងការការអនុវត្តអនុសញ្ញា (ស៊ី-ដ CEDAW) នៅកម្ពុជា ។ – ពិភាក្សាលើក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌច្បាប់ គោលនយោបាយ និងឯកសារពាក់ព័ន្ធនឹងសិទ្ធិស្រ្តី ដែលមានសង្គតិភាពទៅនឹងក្របខណ្ឌអនុសញ្ញា CEDAW ។ – ពិភាក្សាលើវិធីសាស្រ្តវិភាគ និងវាយតម្លៃផលប៉ះពាល់លើការអនុវត្តគោលនយោបាយ និងការអនុវត្តអនុសញ្ញា CEDAW ។ – ពិនិត្យលើទិដ្ឋភាពរួម និងឥទ្ធិពលនៃថវិកាឆ្លើយតប យេនឌ័រ និងអនុសញ្ញា CEDAW ។ – កំណត់យុទ្ទសាស្រ្តថ្មីៗ ដើម្បីពង្រឹងការអនុសញ្ញា CEDAW និងការអនុវត្តគោលនយោបាយ ក្នុងការពារសិទ្ធិស្ត្រី និងឆ្ពោះទៅសម្រេចបានសមភាព យេនឌ័រ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ។