សិក្ខាសាលាពិនិត្យឡើងវិញពីវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល៧ខែ ឆ្នាំ២០១៨ និងការពង្រឹងសមត្ថភាពក្រុមការងារថ្នាក់ជាតិ

106

កាលពីថ្ងៃពុធ​ ៤កើត ដល់ ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ដល់​១៧ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសេនជូរី រីសត ខេត្តសៀមរាប នាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី តាមរយៈកម្មវិធីមូលនិធិហ្រេត្វហូឡូ (FHF) គម្រោងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងការថែទាំសុខភាពភ្នែក បានរៀបចំសិក្ខាសាលាពិនិត្យឡើងវិញពី វឌ្ឍនភាព និងសមិទ្ធផលការងារយៈពេល ៧ខែនៃឆ្នាំ២០១៨ និងការពង្រឹងសមត្ថភាពក្រុមការងារថ្នាក់ជាតិ ក្រោមអធិបតីលោកជំទាវ ពេជ ពិទូរ្យដ្ឋា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី មានសមាសភាពចូលរួមសរុបចំនួន២៦នាក់ មកពីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី មន្រ្តីនាយកដ្ឋានស្រ្តីនិងសុខភាព,អ្នកតំណាងពីនាយកដ្ឋានព័ត៌មាន​ និងនាយកដ្ឋានយេនឌ័រ នៃក្រសួងកិច្ចការនារី និងតំណាងមូលនិធិហ្រ្វេតហូឡូ។

សិក្ខាសាលានេះ មានគោលបំណង ពិនិត្យមើលពីវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល៧ខែ នៃឆ្នាំ២០១៨ និងផែនការបន្ទាប់សម្រាប់អនុវត្តការងាររយៈពេល៥ខែ ខាងមុខទៀត មុននឹងគម្រោងបញ្ចប់។ កំណត់នូវភាពខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។ ពង្រឹងសមត្ថភាពមន្រ្តីនាយកដ្ឋានស្រ្តី និងសុខភាព និងអ្នកពាក់ព័ន្ធពីជំនាញក្នុងការសម្របសម្រួលការតាមដាន​និងការសរសេររបាយការណ៍ និងសង្កេតមើលការរៀបចំវេទិកាសម្រាប់ស្រ្តី និងក្មេងស្រីដែលរៀបចំដោយមន្ទីរកិច្ចការនារីខេត្ត ស្រុកនិងផ្តល់ព័ត៌មានត្រឡប់។

សិក្ខាសាលាបានបញ្ចប់ដោយទទួលបានការផ្ទៀងផ្ទាត់និងគោលបំណងតា​មរយៈការប្រើប្រាស់វិធីសាស្រ្ត សម្របសម្រួល ការធ្វើបទបង្ហាញ ពិភាក្សាក្រុម បំផុសសំណួរ និងការចែករំលែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ពីគ្រូសម្របសម្រួល ព្រមទាំងការចុះសង្កេតវេទិកាអប់រំសម្រាប់ស្រ្តី និងក្មេងស្រី នៅខេត្តសៀមរាប ធ្វើឱ្យសិក្ខាកាមចូលរួមបានទទួលបទពិសោធន៍  និងកើនឡើងចំណេះដឹងល្អប្រសើរគួរឱ្យកត់សំគាល់។ មិនតែប៉ុណ្ណោះនាយកដ្ឋានស្រ្តី និងសុខភាពពិនិត្យមើលពីវឌ្ឍភាពនិងសមិទ្ធផលការងាររយៈពេល៧ខែ នៃឆ្នាំ២០១៨​ ហើយអាចយកលទ្ធផលនេះបន្តអនុវត្តុការងាររយៈពេល៥ខែខាងមុខឱ្យកាន់តែប្រសើរឡើង។