ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨​ មីនា ខួបលើកទី១០៦ នៅសាលមហោស្រព កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

22

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមអបអរសាទរទិវា អន្តរជាតិនារី ៨ មីនា ២០១៧

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ “ស្ត្រី ដើម្បីសុខសន្តិភាព និង វឌ្ឍនភាព” ។

នៅក្នុងពិធីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ស្ត្រីកម្ពុជា ត្រូវខិតខំពង្រឹង និងពង្រីកសកម្មភាពបន្ថែមទៀតលើចំណេះដឹង ជំនាញ រក្សាភាពម៉ឺងម៉ាត់ ឧស្សាព្យាយាម អំណត់អត់ធនចូលរួមក្នុងគ្រប់កិច្ចការ និងក្នុងតួនាទីធ្វើសេចក្តីសម្រេចនានា ដោយសារស្ត្រីជាភ្នាក់ងារនាំមកនូវការផ្លាស់ប្តូរឥរិយាបទ ឆ្ពោះទៅបង្កើនសេចក្តីសុខសុវត្ថិភាព និងភាពចម្រើនរុងរឿងក្នុងគ្រួសារ សង្គម និងប្រទេសជាតិ ដូចមានចែកក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា”ស្ត្រី ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និង សង្គមជាតិ“ ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន ៦ក្នុងការគាំពារ លើកតម្កើងស្រ្តីដូចជា:

១)ពង្រឹងនិងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការល្អ នឹងស្មើសិទិ្ធជាមួយបណ្តាលប្រទេសជិតឆ្ងាយ និងដៃគូរអភិវឌ្ឍន៍នានា ក្នការពន្លឿនការកសាងប្រទេស និងបញ្ចប់អំពើរហឹង្សាគ្រប់រូបភាព។
២)គ្រប់ក្រសួងស្ថាប័នទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តច្បាប់ នឹងលើកកម្ពស់សិទ្ធិអំណាចស្ត្រី បបញ្ច្រៀបយែនឌ័រ និងសមភាពយែនឌ័រ ដើម្បីជម្រុញវឌ្ឍន៍ភាពសង្គមយូរអង្វែង។ ៣)គ្រប់ក្រសួងស្ថាប័ន ត្រូវចូលរួមថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ ការពារសង្គម ភូមិឃុំមានសុវត្ថិភាព និងចូលរួមបង្ក្រាបគ្រឿងញៀន និងអំពើរប្លន់ប្រដាប់អាវុធអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធានាការរស់នៅមានសុវត្ថិភាព។ ៤)គ្រប់ក្រសួងស្ថាប័នទាំងអស់ បន្តចូលរួមទប់ស្កាត់បញ្ឈប់អំពើហឹង្សាតាំងពីវ័យកុមារ ហើយខិតខំដោះស្រាយអំពើរហឹង្សាគ្រប់រូបភាពដើម្បីអោយការរស់នៅមានសុខសុវត្ថិភាពប្រកបដោយសុជីវធម៍ និង វប្បធម៍អហឹង្សា។ ៥)បន្តលើកកម្ពស់ក្នុងការធ្វើសេចក្តីសម្រេចរបស់ស្រ្តី ទាំងនៅក្នុងវិស័យឯកជន និង សាធារណៈ និងចូលរួមគាំទ្រទាំងហិរញ្ញវត្ថុ ក្នុងនោះដោយមានការរួមចំណែកពីគណៈបក្សនយោបាយផងដែរ ដើម្បីផ្តល់ឱកាសអោយស្ត្រីបានចូលរួមអភិវឌ្ឍន៍សង្គមជាមួយបុរស។ ៦)ក្រសួងវប្បធម៍ និងក្រសួងព័ត៌មាន ព្រមទាំងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវចូលរួមបង្កើតកម្មវិធីអប់រំល្អៗអោយច្រើនថែមទៀត ដែលមានផលប្រយោជន៍ដល់សុខភាពស្រ្តី តំលៃនិង សិទ្ធិស្ត្រី និងអំពាវនាវដល់មាតាបិតាចូលរួមអប់រំកូនចៅប្រកបដោយព្រមហ្មវិហាធម៍ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ថ្នាក់ខេត្ត ស្រុក ខណ្ឌ ក្រុង យ៉ាងហោច ណាស់ក្នុង ២៥ ខេត្តក្រុង គឺត្រូវមានអភិបាលខេត្តជាស្ត្រីម្នាក់ ឬច្រើនជាងនេះកាន់តែល្អ។ តាមក្រសួងមន្ទីរ និងប្រធាននាយកដ្ឋាន អគ្គមេបញ្ជាការង នាយរងសេនាធិការចម្រុះ នាយសេនាធិការរង នាយភូមិភាគ អនុកងពលធំ យោធារខេត្ត មេបញ្ជាការប្រតិបត្តិការសឹក អាវុធហត្ថលើផ្ទៃប្រទេស…។ល។ គឺត្រូវមានបេក្ខភាពស្ត្រី យ៉ាងហោចណាស់ម្នាក់ឬច្រើនជាងនេះជាមន្រ្តីដឹកនាំគឺរិតតែប្រសើរ។

សម្តេចបានសរសើរ និងគាំទ្រក្រសួងកិច្ចការនារី និង ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ បងប្អូនកូនចៅទាំងអស់ដែលបាននឹងកំពុងខិតខំប្រឹងប្រែងជំរុញ ការលើកកម្ពស់សិទ្ឋិនិងការចូលរួមរបស់ស្ត្រី។

មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តឹព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់នូវថវិកាឧបត្ថម្ភដល់ក្មួយៗដែលបានចូលរួមក្នុងកម្មវិធីព្រឹកមិញនេះ និងជូនពរដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសស្រ្តីកម្ពុជា សូមជួបតែសេចក្តីសុខ និងសំណាងល្អ ជាពិសេសនៅក្នុងទិវាអន្តរជាតិនារី ៨ មីនា ២០១៧ នេះ៕

(ដកស្រងពីគេហទំព័រផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន​ “Samdech Hun Sen, Cambodian Prime Minister”)

                             

ចែករំលែក