កម្មវិធី ACCESS

កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS) គឺជាកម្មវិធីរយៈពេល៣ឆ្នាំ (២០១៨-២០២១) ដែលស្ថិតក្រោមការផ្តួចផ្តើម និងគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។ ក្នុងរយៈពេល៣ឆ្នាំ រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ថវិកាចំនួន១៥លានដុល្លារអូស្រ្តាលីតាមរយៈកម្មវិធី ACCESS ក្នុងគោលដៅពង្រឹងនិរន្តរភាព គុណភាព និងបរិយាបន្នសេវាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កម្មវិធី ACCESS ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងខ្ពស់របស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រលើការងារសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍផ្នែកពិការភាពប្រកបដោយបរិយាបន្ននៅក្នុងតំបន់។

កម្មវិធី ACCESS ប្រើប្រាស់សមិទ្ធផល និងមេរៀនដែលទទួលបានពីកិច្ចសហការរវាងរដ្ឋាភិបាលអូស្ត្រាលី រាជ  រដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុកដែលមានរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ លើការផ្តល់សេវា និងការធ្វើកំណែទម្រង់សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាដែលមានពិការភាព ឬរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ឧទាហរណ៍៖

  • ការផ្ដល់ទីជម្រក ការប្រឹក្សា ជំនួយផ្នែកផ្លូវច្បាប់ សេវាសុខភាព និងមិត្តអប់រំមិត្តដល់ស្ត្រីចំនួន១២៩០៧នាក់ និងគ្រួសាររបស់ពួកគេដែលរងគ្រោះដោយអំពើហិង្សាក្នុងចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០១៧។
  • គាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំផែនការអន្តរកាលផ្នែកសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា (២០១៨–២០២២) ផែនការយុទ្ធសាស្រ្តផ្នែកស្តារលទ្ធភាពពលកម្ម(២០១៨–២០២២) និងការគាំទ្រការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍ដល់ជនមានពិការភាពចំនួន១០៤៨៩នាក់ក្នុងចន្លោះឆ្នំា២០១៣ដល់ឆ្នាំ២០១៨។

កម្មវិធី ACCESS ទទួលស្គាល់អំពីការវិវត្តន៍របស់ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំណើនក្នុងការទទួលបានមូលនិធិពីវិស័យសាធារណៈ និងឯកជន។ កម្មវិធីនេះធ្វើការងារជាមួយ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង  យុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ។

សូមចូលទៅកាន់តំណខាងក្រោមនេះដើម្បីទទួលបានព័ត៌មានបន្ថែម https://accesscambodia.org/access-program/