មហាសន្និបាតប្រចាំឆ្នាំ២០២១ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា

59

នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកកម្មវិធីមហាសន្និបាត ប្រចាំឆ្នាំ២០២១ និង និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាលអណត្តិទី៤ ឆ្នាំ២០២១-២០២៤ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) តាមរយៈប្រព័ន្ធវីដេអូ។

គួរបញ្ជាក់ផងដែរថា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ជាសមាគមដែលមានកិច្ចសហការជិតស្និទជាមួយក្រសួងកិច្ចការនារី លើការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅកម្ពុជា ។ នៅក្នុងមហាសន្និបាតនេះ លោកជំទាវកិត្តិបណ្ឌិតបានបង្ហាញថា CWEA ជាសសរស្តម្ភ និងភ្នាក់ងារដ៏សំខាន់ ក្នុងការចូលរួមជំរុញនូវកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិត បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានសមាគម លោកជំទាវ ឯកឧត្តម អ្នកឧកញ្ញា អនុប្រធាន និងសមាជិកសមាគមទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួន ទាំងបច្ចេកទេស ការណែនាំ និងការបណ្តុះបណ្តាលវិស័យសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង ។ លោកជំទាវកិត្តិបណ្ឌិត បានលើកទឹកចិត្ត និងកោតសរសើរចំពោះបេក្ខភាពចំនួន១៥រូប ដែលបានឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតជ្រើសតាំងជាប្រធាន និងអនុប្រធានសមាគមក្នុងអណត្តិថ្មីនេះ ជាពិសេសលោកជំទាវបានលើកទឹកចិត្ត លោកជំទាវប្រធានសមាគម ឱ្យនៅបន្តមានវត្តមានក្នុងការបំពេញបេសកកម្មនៅក្នុងវិស័យនេះ ។ លោកជំទាវកិត្តិបណ្ឌិត ក៏បានបញ្ជាក់អំពីការស្វាគមន៍ ចំពោះការចូលរួមរបស់ CWEA ជាមួយក្រសួងកិច្ចការនារី ក្នុងការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី (Women’s Entrepreneur Development Center) ដើម្បីលើកកម្ពស់សហគ្រិនភាពស្ត្រី សមភាពយេនឌ័រ និងសេដ្ឋកិច្ចឱ្យកាន់តែមានភាពប្រសើរឡើង ។ មុននឹងបញ្ចប់ លោកជំទាវកិត្តិបណ្ឌិត បានផ្តល់ជាអនុសាសន៍ ដល់សមាគម ឱ្យបន្តជំរុញពង្រឹងសមត្ថភាព ជាពិសេសជំនាញសហគ្រិនភាព និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអាជីវកម្មនៅកម្ពុជា ក៏ដូចជាសកលលោក។

#MoWA, #CWEA