ពិធីបិទវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងក្របខណ្ឌគតិយុត្តពាក់ព័ន្

40
នារសៀលថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីឯកឧត្តម Pablo Kang អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកមេធាវី សុក សំអឿន លោកជំទាវ ឯកឧត្តម លោកស្រី អស់លោក អ្នកនាងកញ្ញា។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងក្រុមការងារកម្មវិធី ACCESS ដែលបានផ្តល់ការគាំទ្រទាំងផ្នែកមធ្យោបាយ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការពិនិត្យឡើងវិញលើសេចក្តីពន្យល់ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ។ ក្រុមការងារនាយកដ្ឋានការពារផ្លូវច្បាប់ក្រោមការដឹកនាំរបស់លោកជំទាវ ហ៊ូ សាមិត្ត ដែលបានផ្តួចផ្តើមគំនិតឱ្យមានកម្មវិធីនេះឡើង។ លោកមេធាវី សុក សំអឿនដែលមួយរយៈកន្លងទៅនេះ បានជួយដល់ក្រសួងកិច្ចការនារី លើការពិនិត្យឡើងវិញលើសេចក្តីពន្យល់ច្បាប់ស្តីអំពីអំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ព្រមទាំងបានខិតខំចែករំលែកនូវចំណេះដឹង បទពិសោធន៍ ដោយផ្សាភ្ជាប់នឹងករណីជាក់ស្តែង ដើម្បីឱ្យសិក្ខាកាមទាំងអស់ងាយយល់ ងាយចាំ និងមានមូលដ្ឋានវិភាគត្រឹមត្រូវ ទាក់ទងនឹងខ្លឹមសារច្បាប់ពាក់ព័ន្ធដែលទាក់ទងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី រួមទាំងបច្ចេកទេស ក្នុងការផ្តល់កិច្ចការពារជូនជនរងគ្រោះ ហើយ ខ្ញុំជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងនិងបទពិសោធន៍ថ្មីៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។
ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពផ្នែកច្បាប់ដល់មន្ត្រីរបស់ក្រសួងកិច្ចការនារី ជាពិសេសមន្ត្រីនៃនាយកដ្ឋានការពារផ្លូវច្បាប់ ដែលមានតួនាទីសម្របសម្រួល និងផ្តល់ការគាំទ្រដល់មន្ទីរកិច្ចការនារី ក្នុងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសអំពើហិង្សាលើស្ត្រី និងក្មេងស្រី ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងប្រកបដោយបរិយាបន្ន។