លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងកិច្ចការនារី បានបន្តជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ កងកម្លាំងនារីកម្ពុជា ទាំងនារីដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ និងនារីដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោកនៅប្រទេសលីបង់

14
លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងកិច្ចការនារី បានបន្តជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ កងកម្លាំងនារីកម្ពុជា ទាំងនារីដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ និងនារីដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោកនៅប្រទេសលីបង់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងតម្រង់ទិសកងកម្លាំងនារីក្លាហានកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ (ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២១) ដើម្បីចែករំលែកពីបទពិសោធន៍ល្អ បញ្ហាប្រឈមក្នុងអំឡុងពេលបេសកកម្ម ជាពិសេសចែករំលែកនូវវីរភាពរបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ និងប្រទេសកំណើត ដើម្បីបុព្វហេតុសន្តិភាពទូទាំងពិភពលោក ហើយវីរៈភាពនេះគឺជាកម្លាំងចិត្តដ៏សំខាន់ ដើម្បីរួមចំណែកជំរុញឱ្យស្រ្តីនិងក្មេងស្រីកម្ពុជាផ្សេងទៀត មានភាពក្លាហានដើម្បីស្ម័គ្រចិត្តចូលរួមជាស្រ្តីមួកខៀវ សំដៅលើកកម្ពស់កិត្យានុភាពនិ ងមោទនភាពជាតិ ។
គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០០៦ មកត្រឹមឆ្នាំ២០២០ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៧១២៣នាក់ ក្នុងនោះមានកម្លាំងនារីចំនួន៤១៩នាក់ ទៅចូលរួមបំពេញ បេសកកម្មអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន លើជំនាញបោសសម្អាតមីន កម្ទេចគ្រឿងផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យកំរិត២ វិស្វកម្មសំណង់ផ្តេក-សំណង់បញ្ឈរ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ ចំពោះការបញ្ជូនកម្លាំងជានារីផ្នែកនាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទទួលបាន១៧.២% លើសពីការកំណត់របស់ អ.ស.ប ដែលបានកំណត់ត្រឹម១៥% នាឆ្នាំ២០១៨។ ហើយបច្ចុប្បន្ននេះ តាមការវាយតម្លៃចុងក្រោយពី អ.ស.ប នារីមួកខៀវកម្ពុជា បន្តរក្សាចំណាក់ថ្នាក់លេខ២ ក្នុងសហគមន៍អាស៊ានទាំង១០ប្រទេស។ ទន្ទឹមនឹងនេះ កងទ័ពកម្ពុជានៅបន្តរក្សាកេរ្តិ៍តំណែលជាប្រទេសដែលមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការជួញដូរផ្លូវភេទ។