កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ (23rd ACWC Meeting)

22
កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធាននៃគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) បានចូលរួមនិងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ (23rd ACWC Meeting) តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្នុងគោលបំណងពិភាក្សាលើសម្មិទ្ធផលទាំងឡាយដែលគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តី និងកុមារ សម្រេចក្នុងឆ្នាំកន្លងមក ព្រមទាំងកំណត់ទិសដៅបន្ត។ ជាមួយគ្នានេះដែរអង្គប្រជុំក៏បានស្វាគមន៍នូវការចូលរួមចែករំលែកនូវផែនការអាទិភាពឆ្នាំ2021-2022 ពីសំណាក់ដៃគូអភិវឌ្ឍន៍ចំនួន៥ ដើម្បីស្វែងរកលទ្ធភាពក្នុងការសហការគាំទ្រ ក្នុងការអនុវត្តន៍នូវផែនការសកម្មភាពរបស់គណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ ឆ្នាំ២០២១-២០២៥ (ACWC Workplan 2021-2025)។
នៅរសៀលថ្ងៃដដែលនេះ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាក្នុងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី និងលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធាននៃគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ បានចូលរួមកិច្ចប្រជុំ 8th ACWC-ACW Consultation Meeting តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងពិគ្រោះយោបល់រវាងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី (ACW) ជាមួយគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) លើសម្មិទ្ធផលការងារនៃគណៈកម្មាធិការនិងគណៈកម្មាការទាំងពីរនេះ ពាក់ព័ន្ធនឹងកិច្ចការស្រ្តីនិងកុមារក្នុងតំបន់។