ការលើកកម្ពស់សមភាពយេនឌ័រ គឺមិនត្រឹមតែ ជាការគិតគូរអំពី គោលការណ៍ជាសកលស្តីពីសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែជាបុរេលក្ខខណ្ឌក្នុងការកាត់បន្ថយនូវរាល់បញ្ហាប្រឈមនានា ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កិច្ចអភិវឌ្ឍន៍ និងកសាងអភិបាលកិច្ចប្រកបដោយចីរភាព

49
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១, ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពី ESCAP នៅអាស៊ី ប៉ាស៊ីហ្វិកបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្រាវជ្រាវស្តីពីការគិតគូរសុខុមាលភាពសេដ្ឋកិច្ច (Care Economy)និងការងារថែទាំគ្មានប្រាក់ឈ្នួល (Unpaid Care and Domestic Work) របស់ស្រ្តីនៅកម្ពុជា និងការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងគោលបំណង៖
1. ស្វែងយល់អំពីខ្លឹមសារ និងគោលការណ៍គន្លឹះៗ អំពីការលើកកម្ពស់ការងារថែទាំគ្មានប្រាក់ឈ្នួល និងការគិតគូរអំពីសុខមាលភាពផ្នែកសេដ្ឋកិច្ច ព្រមទាំងមេរៀនបទពិសោធន៍នៅក្នុងតំបន់ និងជាសកល។
2. ប្រមូលធាតុចូលលើរបាយការណ៍សិក្សាស្រាវជ្រាវ ស្តីពីរបាយការណ៍សិក្សាស្រាវជ្រាវស្តីពីការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ច និងការងារថែទាំគ្មានប្រាក់ឈ្នួលរបស់ស្រ្តីនៅកម្ពុជា។
សិក្ខាសាលានេះ អញ្ជើញចូលរួមបើកកម្មវិធី ដោយ លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងការចូលរួមថ្លែងមតិចំណាប់អារម្មណ៍ ពី បណ្ឌិត Srinivas Tata, ប្រធានផ្នែកអភិវឌ្ឍន៍សង្គម នៃ ESCAP និងមានការអ្នកចូលរួមពីលោកជំទាវ ឯកឧត្តម និងក្រុមការងារបញ្រ្ជាបយេនឌ័រតាមក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១១ សរុបប្រមាណ ៤៩រូប ដែលភាគច្រើនជាស្រ្តី (៣០រូប នៅក្នុងបន្ទប់ប្រជុំផ្ទាល់ និង១៩រូប នៅក្នុងប្រព័ន្ធវីដេអូអនឡាញ )។
ដើម្បីសម្រេចបាននូវគោលបំណងខាងលើ សិក្ខាសាលាបានរៀបចំរបៀបវារៈ សំខាន់ៗ ដូចខាងក្រោម៖
១) គោលបំណងនៃការរៀបចំរបាយការណ៍ស្តីពីការងារ ថែទាំគ្មានប្រាក់ឈ្នួលរបស់ស្រ្តី និងការគិតគូរដល់សុខុមាលភាពសេដ្ឋកិច្ចនៅកម្ពុជា ដោយឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី
២)បទបង្ហាញអំពីការងារគ្មានប្រាក់ឈ្នួល និងការគិតគូរដល់សុខុមាលភាពសេដ្ឋកិច្ច សារៈសំខាន់ និងក្របខណ្ឌគោលនយោបាយ, និង ផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ និងការថែទាំដែលគ្មានប្រាក់ឈ្នួល ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ដោយលោកស្រី Channe Lindstrøm Oğuzhan, Social Affairs Officer, Gender Equality and Social Inclusion Section, Social Development Division, ESCAP
៣) បទបង្ហាញអំពីរបកគំហើញគន្លឹះៗនៅកម្ពុជា និងការពិភាក្សា ដោយទីប្រឹក្សាបច្ចេកទេស
៤) សកម្មភាពបន្ទាប់។