ការទទួលស្វាគមន៍ឯកឧត្តម Saurabh Kumar អនុរដ្ឋមន្រ្តីការបរទេសនៃសារធារណៈរដ្ឋឥណ្ឌា និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចពិនិត្យមើលអាគារសិក្សាចំនួន២ខ្នង

19
នារសៀលថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌកំបូល បានទទួលស្វាគមន៍ឯកឧត្តម Saurabh Kumar អនុរដ្ឋមន្រ្តីការបរទេសនៃសារធារណៈរដ្ឋឥណ្ឌា និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចពិនិត្យមើលអាគារសិក្សាចំនួន២ខ្នង ៦បន្ទប់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាកំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងអស់ថវិកាប្រមាណ១០ម៉ឺនដុល្លារអាមេរិក ជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា តាមរយៈគម្រោងដែលមានផលជះឆាប់រហ័ស (Quick Impact Project – QIP) ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងរដ្ឋាភិបាលនៃសារធារណៈរដ្ឋឥណ្ឌា តាមរយៈស្ថានទូតនៃសារធារណៈរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយអាគារសិក្សា២ខ្នងដែលមាន៦បន្ទប់ដែលបានសាងសង់ឡើងនាពេលនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដែលរដា្ឋភិបាលនៃសាធារណៈរដ្ឋឥណ្ឌាបានមកជួយកម្ពុជា។ អាគារសិក្សានេះ នឹងជួយដោះស្រាយបញ្ហាកង្វះបន្ទប់រៀនរបស់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាកំបូល ក៏ដូចជាលើកកម្ពស់គុណភាពសិក្សា និងអនាម័យក្នុងថ្នាក់រៀន ព្រមទាំងកាត់បន្ថយនូវចំនួនសិស្សច្រើនលើសលុបក្នុងថ្នាក់រៀន លើសពីស្តង់ដារកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។