ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា)

48
នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២២ មានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបង្ហាញពីភាពជាដៃគូដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្រ្តីនៅក្នុងវិស័យសុខភាព តាមរយៈគម្រោង «លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្រ្តីកម្ពុជា» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដែលបច្ចុប្បន្ននេះ ជំងឺមិនឆ្លងកំពុងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរបស់ប្រជាជនលើពិភពលោក និងនៅប្រទេសកម្ពុជា ជាពិសេស ស្ត្រីនិងក្មេងស្រី ។
គម្រោងរយៈពេល ៥ឆ្នាំ ដែលមានពាក្យស្លោកថា “សុខភាពស្ត្រីល្អ កម្ពុជាកាន់តែប្រសើរ” នឹងផ្តល់ អត្ថប្រយោជន៍ផ្ទាល់ដល់ស្ត្រី និងគ្រួសារ ប្រមាណ ៤៨00នាក់ ក្នុង១ឆ្នាំ នៅខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងកំពត ហើយផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ស្ត្រីរាប់ពាន់នាក់ទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងត្រូវធ្វើឡើងក្រោមរូបភាពជាវេទិកាផ្សព្វផ្សាយអប់រំផ្ទាល់ និងអនឡាញ រួមទាំងមានវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការចែកខិតប័ណ្ណអប់រំ និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។
ក្រសួងកិច្ចការនារី និង អេ អាយ អាយ ខេមបូឌា នឹងធ្វើការយ៉ាងជិតស្និទ្ធ ដោយសហការជាមួយក្រសួង ស្ថាប័ន រួមមានក្រសួងសុខាភិបាល មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីបង្កើនការយល់ដឹងរបស់ស្រ្តី និងគ្រួសារ អំពីសិទ្ធិទាក់ទងនឹងសុខភាពបន្តពូជ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផែនការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសាររយៈពេលវែង ដើម្បីឱ្យពួកគាត់មានការយល់ដឹង និងយកចិត្តទុកដាក់ក្នុងការតាមដានសុខភាពរបស់ខ្លួន គឺចេះពិនិត្យ និងស្ទាបសុដន់ដោយខ្លួនឯងបាន និងទៅរកសេវាពិនិត្យមហារីកមាត់ស្បូន មហារីកសុដន់ ធ្វើការថែទាំ និងព្យាបាលទាន់ពេលវេលានៅមូលដ្ឋានសុខាភិបាល រួមទាំងចំណេះដឹងស្តីពីអាហារូបត្ថម្ភ កែប្រែទម្លាប់នៃការបរិភោគអាហារឱ្យកាន់តែប្រសើរឡើង ដោយជ្រើសរើសអាហារមានសារជាតិចិញ្ចឹម ចំណេះដឹងហិរញ្ញវត្ថុ និងផែនការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសាររយៈពេលវែង។
យើងខ្ញុំសង្ឃឹមថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគោលដៅ ជាពិសេសស្រ្តី និងគ្រួសារ និងបានចូលរួមកាត់បន្ថយអត្រាស្លាប់របស់ប្រជាជនកម្ពុជាដោយសារជំងឺមិនឆ្លង ដែលចែងក្នុងផែនការសកម្មភាពពហុវិស័យជាតិស្តីពីការការពារ និងការប្រយុទ្ធនឹងជំងឺឆ្លង លើចំនុចសំខាន់២ គឺបង្ការប្រជាជនមិនឲ្យមានជំងឺមិនឆ្លងកាន់តែច្រើនឡើង និងសម្រាលភាពធ្ងន់ធ្ងររបស់អ្នកជំងឺមិនឆ្លង មិនឲ្យធ្លាក់ខ្លួនជាជនមានពិការភាព និងឆាប់ស្លាប់។