លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមនៅក្នុងវេទិកាស្រ្តីចិន-អាស៊ាន ឆ្នាំ២០២៣ (2023 China-ASEAN Women’s Forum) ដែលបានរៀបចំនៅទីក្រុងលីចូវ (Liuzhou)​​ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន

116

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមនៅក្នុងវេទិកាស្រ្តីចិន-អាស៊ាន ឆ្នាំ២០២៣ (2023 China-ASEAN Women’s Forum) ដែលបានរៀបចំនៅទីក្រុងលីចូវ (Liuzhou)​​ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន ។

វេទិកាចិន-អាស៊ាននេះ បានរៀបចំឡើងផ្តោតលើមូលបទ «នវានុវត្តនៅក្នុងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍស្រ្តី – Innovation in Science and Technology for Women’s Development» ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំស្រ្តីមកពីបណ្តាប្រទេសអាស៊ាន និងសាធារណៈរដ្ឋប្រជាមានិតចិន ព្រមទាំងអ្នកឯកទេសផ្នែកបច្ចេកវិទ្យា និងអ្នកវិទ្យាសាស្រ្តជាស្រ្តី នៅក្នុងតំបន់ មកជជែកពិភាក្សា និងលើកគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីពង្រីកកាលានុវត្តភាព និងសក្តានុពល នៃការធ្វើនវានុវត្ត នៅក្នុងវិស័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍស្រ្តី នៅក្នុងតំបន់អាស៊ាន និងចិន (Initiative of the ASEAN-China Women’s Forum 2023) ។

នៅក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើង អំពីគុណតម្លៃនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត (#STI) ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមរបស់សកល និងការពន្លឿនការសម្រេច បាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (#SDG) ។ នៅក្នុងនោះ, STI អាចពន្លឿន ការអភិវឌ្ឍស្រ្តី និងការសម្រេច សមភាពយេនឌ័រ តាមរយៈច្រើនរូបភាពនិងមធ្យោបាយ រួមទាំងការពង្រីកសក្តានុពលនៃការធ្វើនវានុវត្ត និងសក្តានុពលរបស់ស្រ្តី ។ លោកជំទាវចែករំលែកអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ឆ្នាំ២០២០-២០៣០ និងការផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ឱ្យមានស្រ្តី ៤០% នៅក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ បញ្ចប់ការសិក្សា ក្នុងជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (#STEM) នៅឆ្នាំ២០៣០ និងការផ្តោតលើការលើកកម្ពស់តួនាទីស្រ្តីក្នុងវិស័យឌីជីថល នៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជាគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្នុងការឆ្លើយតបនឹងគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថលនៅកម្ពុជា។

នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូក្រសួងកិច្ចការនារី ក៏គ្រោងនឹងចូលរួមកម្មវិធី ពិពរណ៌អាស៊ាន-ចិន លើកទី២០ (20th China-ASEAN Expo) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ផងដែរ។