សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកផែនការ សកម្មភាពការងារឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី

55

ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកផែនការសកម្មភាពការងារឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ ក្រសួង និងមន្ទីរកិច្ចការនារី និងដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នៅក្នុងពិធីបិទសន្និបាត លោកជំទាវបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា
និង អធិការកិច្ច បានមានអនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖

ទន្ទឹមនឹងសមិទ្ធផលសម្រេចបានជាច្រើន រួមជាមួយនឹងការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងដើម្បីឆ្លើយតបនឹងបញ្ហាសេសសល់មួយចំនួនដែលតម្រូវឱ្យក្រសួងកិច្ចការនារី ក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្រុមការងារបញ្ជ្រាបយេនឌ័រនៅតាមក្រសួង អភិបាលរងខេត្តទទួលបន្ទុកកិច្ចការនារី គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ត្រូវចូលរួមសហការគ្នាជាបន្តដោះស្រាយឱ្យបានល្អ ដោយ៖

ទី១- ធ្វើការអភិវឌ្ឍសមត្ថភាពស្រ្តី គាំទ្រ និងការផ្តល់សិទ្ធិព្រមទាំងឱកាសដល់ស្រ្តីបានចូលរួមក្នុងគ្រប់ការងារ ជាពិសេសក្នុងការធ្វើសេចក្តីសម្រេច ការដឹកនាំគ្រប់គ្រង ការកសាងសេដ្ឋកិច្ចគ្រួសារ និងការទទួលបានការគោរព ព្រមទាំងឲ្យតម្លៃពីសមាជិកគ្រួសារនិងសង្គម។

ទី២-បន្តយកចិត្តទុកដាក់ពង្រឹងការតាមដានលើការអនុវត្តច្បាប់ គោលនយោបាយ និង អនុសាសន៍ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចុះ និងការប្តេជ្ញានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ពិភពលោក ស្តីពីសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចរបស់ស្រ្តីកាលពីឆ្នាំ២០១៥ នៅអង្គការសហប្រជាជាតិ ។

ទី៣-ពង្រីកយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ អំពីច្បាប់ គោលនយោបាយពាក់ព័ន្ធ កិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្រ្តី ដើម្បីបង្កើនការគាំទ្រនិងចូលរួមចំណែកពីសហគមន៍ក្នុងការកាត់បន្ថយជាអតិបរមា ឈានទៅលុបរាល់ទម្រង់នៃអំពើហិង្សា និងការរំលោភបំពានលើស្រ្តី ។

ទី៤-ធ្វើការបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានមនុស្ស រួមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងាររបស់អង្គភាពគ្រប់លំដាប់ថ្នាក់ នៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធានាសម្រេចបាននូវភារកិច្ច ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

   

SHARE